CEO Apple : បើអ្នកធ្វើការដើម្បីតែលុយ អ្នកនឹងគ្មានថ្ងៃសប្បាយចិត្តឡើយ
លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple ធ្លាប់បានថ្លែងទៅកាន់ក្រុមនិស្សិតនៅសាកលវិទ្យាល័យ Glasgow ថា បើពួកគេធ្វើការដើម្បីតែលុយ នោះអ្នកគ្មានថ្ងៃសប្បាយចិត្តឡើយ។
នៅក្នុងចំណុចនេះ លោកលើកឡើងថា បើអ្នកធ្វើការដើម្បីតែលុយនោះ អ្នកធ្វើការមិនបានយូរទេហើយក៏រកលុយមិនបានច្រើនដែរ ជាពិសេសអ្នកគ្មានថ្ងៃសប្បាយចិត្តទេ។ លោកបានបន្ថែមទៀតថា អ្នកត្រូវស្វែងរកនូវអ្វីជាចំណុចកណ្តាលដែលវាជាចំណង់ចំណូលចិត្តរបស់អ្នក ហើយជាមួយគ្នានេះដែរ វាក៏ប្រភេទសេវាកម្មជួយបម្រើដល់មនុស្សដទៃទៀតផងដែរ។ លោកក៏បានសង្កត់ធ្ងន់ថា បើអ្នកមិនរកឃើញអ្វីដែលជាចំណង់ចំណូលចិត្តរបស់អ្នកទេ នោះអ្នកនឹងមិនសប្បាយចិត្តក្នុងជីវិតឡើយ។ CEO រូបនេះបានលើកឡើងថា វាមានភាពខុសគ្នារវាងការស្រលាញ់ការធ្វើការ ព្រោះបានលុយច្រើននិង ស្រលាញ់ការងារ។ វាក៏មានភាពខុសគ្នាច្រើនរវាងការលង់ស្រលាញ់ការងារព្រោះតែលុយ និងស្រលាញ់ការងារព្រោះការងារនោះ វាផ្ដល់សេវាកម្មបម្រើមនុស្សដទៃ។
ជាក់ស្ដែង លោកតែងមានក្តីស្រមៃធ្វើការនៅក្រុមហ៊ុនបច្ចេកវិទ្យាធំៗលំដាប់កំពូល ហើយពេលនេះក្តស្រមៃរបស់លោកបានក្លាយជាការពិត ហើយលោកក៏ធ្វើការដោយសប្បាយចិត្ត និងទទួលបានចំណូលដែលលោកពេញចិត្តទៀតផង។
ចំណែក សេដ្ឋី Robert Kiyosaki ក៏បានលើកឡើងមិនខុសទី លោក Tim Cook ដែរ ដោយលោកបានលើកឡើងថា “ពេលអ្នកនៅក្មេងធ្វើការដើម្បីរៀនពីការងារ កុំធ្វើការសំឡឹងឃើញតែលុយ។ លោកចង់មានន័យថា បើអ្នកនៅក្មេងនោះអ្នកមានពេលវេលាច្រើន ក្នុងការរៀនសូត្រ និងក្រេបយកបទពិសោធន៍ជាច្រើន។ នៅពេលដែលអ្នកចូលធ្វើការជាលើកដំបូង អ្នកត្រូវធ្វើការដើម្បីរៀនពីបែបបទនៃការធ្វើការ រៀនពីការងារអោយបានច្រើន។ លោកក៏បានបន្ថែមថា បើអ្នកចូលធ្វើការដំបូង ហើយធ្វើការសំឡឹងឃើញលុយនោះអ្នកនឹងមិនសប្បាយចិត្តនឹងការងារ របស់អ្នកនោះទេ។
លោកក៏បានសង្កត់ធ្ងន់ថា ពេលអ្នកធ្វើការដំបូងប្រាក់ខែរបស់អ្នកមិនច្រើននោះទេ ព្រោះអ្នកមិនទាន់មានបទពិសោធន៍ ដូច្នេះហើយចូរអ្នកធ្វើវាដោយចិត្តរីករាយ តែសូមកុំធ្វើដើម្បីតែលុយ ហើយខែរបស់អ្នកតិច នោះអ្នកគ្មានកម្លាំងចិត្តធ្វើការនោះទេ ហើយមិនយូរនោះទេអ្នកនឹងចាកចេញពីការងារជាមិនខាន៕